គណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ដើម្បីកំណត់ផែនការសកម្មភាពអនុវត្តបន្ត និងលើកកម្ពស់កិច្ចការ ហាឡាលនៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគ.ត.ផ.ហ.ក. ដើម្បីណែនាំអំពីសមាសភាព គ.ត.ផ.ហ.ក. ដែលទើបតែងតាំងថ្មី និងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពរបស់ គ.ត.ផ.ហ.ក. ដែលត្រូវអនុវត្តបន្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការ នៃ គ.ត.ផ.ហ.ក. ជាច្រើនរូប។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្រ្តី បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ត.ផ.ហ.ក. និងលេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការសហការគ្នាយ៉ាងល្អអនុវត្តកិច្ចការហាឡាលកម្ពុជា នាពេលកន្លងមក។

លោកស្រីរដ្ឋមន្រ្តីបន្តថា កិច្ចការហាឡាលគឺជាប្រធានបទដ៏សំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការខ្ពស់ សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ដោយសារពាក្យថា «ហាឡាល» គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមការងារបច្ចេកទេស ជាពិសេសក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

ក្នុងនាមជាសេនាធិការនៃ គ.ត.ផ.ហ.ក. បន្តនិរន្តរភាពកិច្ចការហាឡាលនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រ និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន ហើយត្រូវបន្តអនុវត្តការងារអាទិ៍ភាពមួយចំនួន រួមមាន ការបន្តពង្រឹងគុណភាពការផ្តល់សេវា និងជំរុញការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា, ការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា, រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក., រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃក្រុមឯកទេសផលិតផលហាឡាលនៃគ.ត.ផ.ហ.ក., លើកកម្ពស់ទំនុកចិត្តលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា តាមរយៈការជំរុញការអនុវត្ត ច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធដោយទន់ភ្លន់ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ និងជំរុញការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចការហាឡាល។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការបន្តជំរុញឱ្យកិច្ចការនេះមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការបញ្ចូលបន្ថែមទៀត នូវសមាជិក សមាជិកា ក្រុមឯកទេសផលិតផលហាឡាល ដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ពាក់ព័ន្ធនឹងកិច្ចការហាឡាលនេះផងដែរ៕

បណ្តាញសង្គម

វីដេអូ