និស្សិតកម្ពុជាផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ២៤ រូប ទទួលអាហារូបករណ៍ពីសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា តាមរយៈអង្គការហាសាណះ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់អាហារូបករណ៍ ដល់និស្សិតមុស្លិមកម្ពុជា ផ្នែកវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២៤រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍របស់ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បានឱ្យដឹងថា គម្រោងហ្សាកាត់នេះ បែងចែកជាពីរ គឺទី១ គម្រោងអាហារូបករណ៍ និងទី២ គម្រោងបង្កើនមុខរបរ ដែលសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា សហការជាមួយអង្គការហាសាណះ បានចាប់ផ្ដើមអនុវត្តចាប់ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ។

គម្រោងអាហារូបករណ៍នេះ គឺផ្ដល់ជូនដល់និស្សិត ចំនួន ២៤រូប មកពី១២ រាជធានី ខេត្ត សិក្សាផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងនីតិសាធារណៈ ចំនួន ៥ជំនាញ លើ ៧សាកលវិទ្យាល័យ ដូចជា វេជ្ជបណ្ឌិតទូទៅ ឱសថសាស្ត្រ គិលានុបដ្ឋាក មន្ទីរពិសោធន៍ និងនីតិសាធារណៈ សរុបថវិកាអាហាររូបករណ៍ ៣៨ ៨៤៥,១០ដុល្លាអាមេរិក ក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ និងផ្តល់នូវគម្រោងបង្កើនមុខរបរ ដូចជា គម្រោងផ្តល់ទូកនេសាទ គម្រោងម៉ូតូសណ្ដោងរ៉ឹម៉កសម្រាប់ដឹកទំនិញ គម្រោងម៉ាស៊ីនបោកខោអាវ និងគម្រោងសាងសង់ផ្ទះ សរុបថវិកា ១៣ ២០៨,៦ដុល្លាអាមេរិក។ សរុបថវិកាទាំងអាហាររូបករណ៍ និងគម្រោងបង្កើនមុខរបរ ចំនួន ៥២ ០៥៣,៧០ដុល្លាអាមេរិក។

បណ្តាញសង្គម

វីដេអូ