ឯកឧត្តមបណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទទួលជួបពិភាក្សាការងារជាមួយប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិន នៃអាកាសចរណ៍កាតា​អ៊ែវេ

ឯកឧត្តមបណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ ​លោក Buru Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិន នៃអាកាសចរណ៍កាតា​អ៊ែវេ (Qatar Airways) នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ​។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាលើទីផ្សារ ដើម្បីពិនិត្យជំរុញការជើងហោះហើរ និងការធ្វើកិច្ចសហប្រតិបត្តិការ លើ វិស័យហោះហើរនាៗ ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ពីអតីតកាលកម្ពុជាដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃជាយូរឆ្នាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបទទួលបានសន្តិភាពពេញលេញ ដែលកម្ពុជាបានខិតខំស្ដាប្រទេសជាតិលើគ្រប់វិស័យ ដែលមកដល់ពេលនេះកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបានបង្កនូវភាពងាយស្រួលដល់វិនិយោគទុនក្នុងស្រុក និង បរទេស តាមច្បាប់ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើនមានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និង វិស័យ សំខាន់ៗផ្សេងៗជាច្រើនទៀត ពិសេសការជីកព្រែកហ្វូណនតេជោ នៅពេលខាងមុខឆ្នាំនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចជាតិ មានកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតបានលើកឡើងបន្តថា បច្ចុប្បន្នកម្ពុជា កំពុងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ( TECHO INTERNATIONAL AIRPORT “TIA” ) ខ្នាតF4 នៅលើផ្ទៃដីលំហំ ២៦០០ ហិកតា ដែលសាងសង់បានជាង ៧៨ភាគរយហើយ ដែលនឹងចំណាយថវិកាប្រមាណជាង ១៥០០លានដុល្លារ អាមេរិកនៅដំណាក់កាលទី១ នឹងអាចបើកដំណើរការ នៅពាក់កណ្តាលឆ្នាំ២០២៥ ខណៈពេលនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទដំណើរការ ដោយជំនួសមកវិញនូវអាកាសយាន្តដ្ឋានអន្តរជាតិតេជោនេះ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានស្នើឱ្យប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិន នៃអាកាសចរណ៍កាតាអ៊ែវេ ពិនិត្យលទ្ធភាពជួយគាំទ្រ និងជំរុញទេសចរមូស្លីមមកកាន់គោលដៅកម្ពុ​ជា​ ដែលស្របនឹងក្រសួងទេសចរណ៍​ បាននឹងកំពុង​អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មូស្លីម​កម្ពុជា ដើម្បីឱ្យវិស័យឯកជន​ មូលដ្ឋានអាជីវកម្ម​ទេសចរណ៍​ និងភាគីពាក់ព័ន្ធ​ បានត្រៀម និង​រៀបចំខ្លួន​ក្នុងការចាប់យក​ទីផ្សារទេសចរណ៍មូស្លីមផងដែរ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយឯកឧត្តមទេសរដ្ឋមន្ត្រីខាងលើរួច លោក Buru Tilahun Ejetta ​ បានបង្ហាញការសាទរជាខ្លាំង ចំពោះការរីកចម្រើនទាំងឡាយនៃសេដ្ឋកិច្ចកម្ពុជា យ៉ាងឆាប់រហ័ស។

លោក Buru Tilahun Ejetta បានថ្លែងប្រាប់ដែរថា អាកាសចរណ៍កាតាអ៊ែវេ បានជាប់ចំណាត់ថ្នាក់​ ជាក្រុមហ៊ុនអាកាសចរណ៍ ល្អបផុតជាប់ៗគ្នាចំនួន ៨ លើករួចមកហើយ រួមទាំងនៅឆ្នាំ ២០២៤ នេះផងដែរ ហើយព្រលានយន្តហោះ Hamad International Airport (HIA) ដែលជាព្រលានរបស់អាកាសចរណ៍កាតាអ៊ែវេ ក៏បានជាប់ចំណាត់ថ្នាក់ ជាព្រលានល្អបំផុតលើពិភពលោកចំនួនលើក ៣ លើក ផងដែរ។

ជាមួយគ្នានេះដែរ លោកបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពជួយបង្កជម្រុញ​ទេសចរមូស្លីមមកកាន់គោលដៅកម្ពុ​ជា​នាពេលមុខ ព្រោះកម្ពុជា ជាប្រទេសដែលមានសុខសន្តិភាព មានតំបន់ទេសចរណ៍និងផ្តល់ភាពងាយស្រួលដល់​ អ្នកទេសចរផងដែរ និងធ្វើកិច្ចសហប្រតិបត្តិការហោះហើរនឹងព្រលានថ្មី ។

កន្លងមកអាកាសចរណ៍កាតា​អ៊ែវេ បានជួយសម្របសម្រួលការងារដឹកជញ្ជូនជាច្រើន ជូនដល់អ្នកធ្វើដំណើរទាំងអស់ ដូច្នេះទើបធ្វើឱ្យក្រុមហ៊ុននេះ មានជើងហោះហើរជាច្រើនប្រកួតប្រជែងនៅលើពិភពលោក។

បច្ចុប្បន្ន អាកាសចរណ៍កាតាអ៊ែវេ មានយន្តហោះចំនួន ២៥៩ ក្នុងនោះមាន យន្តហោះដឹកអ្នកដំណើរចំនួន ២៣០ យន្តហោះដឹកទំនិញចំនួន ២៩ និងក្រុមហ៊ុនQatar Executive ,Business Jet Fleet ជាយន្តហោះពាណិជ្ជកម្មឯកជន ចំនួន ២៥ គ្រឿង។ កាតាអ៊ែវេ បានដឹកជញ្ជូនភ្ញៀវជាង ៤៥ លាននាក់ នៅឆ្នាំ២០២៣ កន្លងទៅ។

បច្ចុប្បន្នកាតាអ៊ែវេ មានគោលដៅហោះហើរទៅកាន់ ប្រទេសផ្សេងៗ មានចំនួន ១៧៦ គោលដៅ ក្នុងនោះ ទ្វីបអាហ្វ្រិកចំនួន ២៩ គោលដៅ ទ្វីបអឺរ៉ុបចំនួន ៤៩ គោលដៅ អាស៊ីប៉ាស៊ីហ្វិកចំនួន ៥២ គោលដៅ
មជ្ឈិមបូព៌ា និង កូកាស៊ីស (Caucasua) ចំនួន ៣៣ គោលដៅ និងអាមេរិកចំនួន ១៣ គោលដៅ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍កាតាមានយន្តហោះ ដឹកអ្នកដំណើរពីរាជធានីភ្នំពេញ ១ថ្ងៃ ចំនួនមួយជើង ជារៀងរាល់ថ្ងៃ។

ឯកឧត្ដមបានអញ្ជើញឱ្យលោក Buru Tilahun Ejetta ទៅទស្សនាព្រលានថ្មីនៅថ្ងៃទី២៧ ខែមិថុនាដែលមានទីតាំង ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

បណ្តាញសង្គម

វីដេអូ