ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ី

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តម Shaharuddin Bin Onn និងបានអបអរសាទរ ដល់ឯកឧត្តម  ដែលទើបទទួលបានការតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ីដែលបានជួយប្រជាជនកម្ពុជាជាពិសេសសហគមន៍ឥស្លាមកម្ពុជា ចាប់តាំងពីទសវត្ស៨០រហូតដល់បច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានស្នើរដ្ឋាភិបាលម៉ាឡេស៊ី ជួយអភិវឌ្ឍន៍លើឧស្សាហកម្មហាឡាល និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យហាឡាល នៅកម្ពុជា និងស្នើរដ្ឋាភិបាលម៉ាឡេស៊ីជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា លើជំនាញវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ ដូចជា សេដ្ឋកិច្ច ពាណិជ្ជសាស្ត្រ ច្បាប់ វិស្វករ និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានអរគុណឯកឧត្តមទេសរដ្ឋមន្ត្រី ដែលអនុញ្ញាតិទទួលជួបដើម្បីសម្តែងការគួរសម និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា សម្រេចបាន។

ជាមួយគ្នាដែរ ឯកឧត្តមបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះគោលនយោបាយសុខដមនីយកម្ម និងបរិយាបន្ន ដោយបានរួមបញ្ចូលសហគមន៍ឥស្លាម ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ជាចុងក្រោយបឯកឧត្តមលើកឡើងថា ម៉ាឡេស៊ីនឹងយកចិត្តទុកដាក់តាមដាន នូវរាល់សំណើគាំទ្រលើឧស្សាហកម្មហាឡាល ដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានឯកភាពគ្នារួច៕

បណ្តាញសង្គម

វីដេអូ