រយៈពេល ៥ ឆ្នាំ សហគមន៍ឥស្លាមកម្ពុជា ទទួលជំនួយមនុស្សធម៌ចំនួនជាង ២៤ លានដុល្លារអាមេរិក ផ្នែកជំនួយគោ ពពែគួរបាន និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហគមន៍ឥស្លាមកម្ពុជា បានទទួលជំនួយមនុស្សធម៌ ចំនួន ២៤,០៤២,១៩៦ លានដុល្លារ ផ្នែកជំនួយគោគួរបាន និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដោយមិនទាន់រាប់បញ្ចូលជំនួយ ផ្នែកសាង់សាងវិហារម៉ាស្ជិទ​ សាលារៀន និងជំនួយផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់ របស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​​​​ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។

ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំ២០២៤ ជំនួយផ្នែកគោ ពពែគួរបាន សហគមន៍ឥស្លាមកម្ពុជា ទទួលបាន តាមរយៈសមាគម អង្គការ សប្បុរសជនជាតិ និងអន្តរជាតិ សម្រាប់សម្លេះយកសាច់ នៅថ្ងៃបុណ្យរ៉យ៉ាហាជី ចំនួន ៥,៩៩៣ក្បាល សរុបជាទឹកប្រាក់ចំនួន ២,៦២៨,៧៧៩ដុល្លារអាមេរិក ក្នុងនោះសាច់គោ ពពែគួរបាន សាសនិកឥស្លាមប្រមាណជាង ៨០% នៃគ្រួសារខ្មែរឥស្លាម ទទួលបាននៅទូទាំងប្រទេស។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ (២០២០-២០២៤)កម្ពុជាទទួលបានជំនួយគោ ពពែគួរបាន ចំនួន ៣៩,២៥៧ក្បាល សរុបជាទឹកប្រាក់ចំនួន ១៧,០៣៣,០០០ដុល្លារ។

ដោយឡែកសម្រាប់កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនឆ្នាំ២០២៤ សហគមន៍ឥស្លាមទទួលបាន ដើម្បីចែកជូនដល់បងប្អូនសាសនិកឥស្លាមចំនួន ៦២,២៨៨គ្រួសារ សរុបទឹកប្រាក់ ១,៤៧៨,៨២៧ដុល្លារ។ សរុបក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ(២០២០-២០២៤) កញ្ចប់អាហារចំនួន ២៩៣,០៥៦គ្រួសារ បានចែកជូនដល់បងប្អូនសាសនិកឥស្លាម សរុបទឹកប្រាក់ ៧, ០០៩,១៩៦ដុល្លារ។ ដូច្នេះក្នុងរយៈពេល៥ ឆ្នាំ សរុបថវិកាជំនួយគោ ពពែ គួរបាន និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនមានចំនួន ២៤,០៤២,១៩៦ដុល្លារ។

ទន្ទឹមគ្នានេះដែរ ក្រោយពីបានបញ្ចប់ការសំឡេះគោគួរបានចែកជូនសាសនិកឥស្លាមកម្ពុជា នៅតាមបណ្តាខេត្តមួយចំនួន ក្នុងឱកាសពិធីបុណ្យរ៉យ៉ាហាជ្ជីកាលពីថ្ងៃទី១៧ ខែមិថុនា នាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត​ អូស្មាន ហាស្សាន់ នារសៀល​​​​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​តំណាង​ប្រតិភូ​អង្គការមនុស្សធម៌អន្តរជាតិចំនួន៣ ក្នុងនោះមានដូចជា អង្គការអន្តរជាតិ Hasene នៃប្រទេសអាឡឺម៉ង តំណាងប្រតិភូអង្គការមូលនិធិ Diyanet នៃប្រទេសទួរគី និងប្រធានអង្គការ​មូលនិធិសប្បុរសធម៌ម៉ាឡេស៊ី (Yayasan Amal Malaysia) កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅការិយាល័យ​មជ្ឈមណ្ឌល​ឥស្លាម​កម្ពុជា(PPIC) រាជធានីភ្នំពេញ។

ឆ្នាំ២០២៤ នេះ អង្គការអន្តរជាតិ Hasene បានផ្តល់ជំនួយគោគួរបានដល់កម្ពុជាចំនួន ៣៧០ក្បាលក្នុងនោះតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)ចំនួន ១៧០ក្បាល និងសមាគមគ្រូពេទ្យ​ឥស្លាម​កម្ពុជា (IMAC) ចំនួន ២០០ ក្បាល។

ចំណែកគម្រោងកម្មវិធីចែកសាច់គោ (គួរបាន) ឆ្នាំ២០២៤ របស់អង្គការមូលនិធិ Diyanet នៃសាធារណៈរដ្ឋទួរគី បានឯកភាពផ្ដល់ជូនតាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និងសមាគមគ្រូបង្រៀន​ខ្មែរ​ឥស្លាម​កម្ពុជា (CAMTA) មានគោសរុប ចំនួន ៣៥០ក្បាល សម្រាប់អនុវត្តន៍ចែកជូនសាសនិកឥស្លាម នៅតាមបណ្តារាជធានីខេត្តមួយចំនួន។ រីឯ អង្គការមូលនិធិសប្បុរសធម៌ម៉ាឡេស៊ី (Yayasan Amal Malaysia) បានផ្តល់គោគួរបាន ដល់សាសនិក​ឥស្លាមកម្ពុជា នៅតាមបណ្តាខេត្តមួយចំនួន សរុបចំនួនគោ ៣៦ក្បាល និងពពែ ២ ក្បាល។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី​ បានថ្លែងអំណរអរគុណដល់អង្គការសមាគមខាងលើ ក៏ដូចជាអង្គការសមាគម​នានា​ ដែល​បានផ្តល់ជំនួយគោគួរបាន និងជំនួយផ្សេងៗទៀត ដល់កម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែក​ជួយសហគមន៍​ឥស្លាម ក៏ដូចជាចូលរួមអភិវឌ្ឈន៍សង្គមជាតិ ជាមួយរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិតបានជម្រាបប្រតិភូខាងលើថា កម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសដល់បងប្អូន​សាសនិក​ឥស្លាមកម្ពុជា ក្នុងការទទួលអំណោយមនុស្សធម៌ពីគ្រប់ទិសទីដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា​នោះ​ឡើយ ។ លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជម្រាបប្រតិភូ អំពីការទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ របស់សាសនិក​ឥស្លាម​កម្ពុជាផងដែរ ដោយឆ្នាំ២០២៤នេះមានសាសនិកឥស្លាមចំនួន ៩១០នាក់ បានចេញដំណើរទៅបំពេញ​កាតព្វកិច្ច​បុណ្យនេះ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះ​ព្រះចៅសាល់ម៉ាន ពិន​ អាប់ឌុលអាហ្ស៊ីស អាល់ស៊ូអ៊ូទ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានព្រះរាជទានដល់សាសនិកឥស្លាមកម្ពុជា ចំនួន ១៩រូប ព្រមទាំងមានការឧបត្ថម្ភបដិភាគ ចំនួន៥០ រូបផងដែរ គិតជាថវិកាសរុបជាង ៥.៥លាន ដុល្លារអាមេរិក។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិត បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលបានបើកទូលាយ ដល់ប្រជាជនកម្ពុជា ក្នុងការទទួលអំណោយមនុស្សធម៌ មកពីបណ្ដាប្រទេសនានា ដើម្បីចូលរួមអភិឌ្ឍនៅកម្ពុជា។

តំណាងអង្គការសមាគម ទាំង៣ ខាងលើ បានអបអរសាទរ និងបានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ និងបានបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ជូនសហគមន៍​ឥស្លាម​កម្ពុជា​​ ជាពិសេសបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា៕

បណ្តាញសង្គម

វីដេអូ