ដើមឆ្នាំ២០២៤នេះ កម្ពុជានាំចេញផលិតផលជលផលប្រមាណ៣៨តោនទៅកាន់ប្រទេសចិន

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជាបាននាំចេញផលិតផលជលផលចំនួន៥០តោនក្នុងឆ្នាំ២០២៣ និង៣៨តោន នាដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។

ការថ្លែងបែបនេះរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា៖ «កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង៣,៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង ហើយកម្ពុជាក៏បាននាំចេញផលិតផលជលផលចំនួន៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាកាលពីឆ្នាំ២០២០»។

ឯកត្តមបានបន្តថា អ្វីកាន់តែគួរឱ្យកត់សម្គាល់ជាងនេះ កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង នៅដើមឆ្នាំ២០២៤នេះ ផងដែរ ដែលទាំងនេះ សុទ្ធសឹងតែជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផលផលិតផលជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុកនិងបរទេស។

គួរបញ្ជាក់ផងដែរថា ទិន្នផលជលផលដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៣ មានដូចជាការនាំចេញផលផលិតផលជលផលស្រស់ ៣,៤២៤តោន និងការនាំចេញផលផលិតផលជលផលកែច្នៃ ១៨៦តោន និងការនាំចេញទៅកាន់ប្រទេសចិនរួមមាន បង្កងប៉ាក់រស់ចំនួន១តោន, អន្ទង់បង្កក ចំនួន២តោន និងកំពិសបង្កកចំនួន ៤៧តោន។

បន្ថែមពីនោះ គិតត្រឹមរយៈពេល០៥ខែក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលជលផលទៅកាន់ទីផ្សារប្រទេសចិនបានប្រមាណ៣៨តោន ដូចជាកំពិសបង្កកចំនួន៣៥.៨០តោន, បង្កងប៉ាករស់ចំនួន​ ២.៣០តោន និងអន្ទង់រស់ប្រមាណ ០.២តោនផងដែរ៕

បណ្តាញសង្គម

វីដេអូ