តំណាងអង្គការហាសាណះអន្តរជាតិ អញ្ជើញចុះត្រួតពិនិត្យ និងប្រគល់គម្រោងសាងសង់ផ្ទះ គោចិញ្ចឹម និងម៉ាស៊ីនកាត់ដេរ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងស្ត្រីមេម៉ាយ

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តំណាងអង្គការហាសាណះអន្តរជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងប្រគល់គម្រោងសាងសង់ផ្ទះជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងស្ត្រីមេម៉ាយ ចំនួន ៦ ខ្នង គោចិញ្ចឹមចំនួន ៥ ក្បាល និងម៉ាស៊ីនកាត់ដេរចំនួន ​៣ ឈុត សរុបជាថវិកា ២៦៥០០ អឺរ៉ូ ( ២៨៤៣៩ ដុល្លារ) នៅខេត្តត្បូងឃ្មុំ ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។
គម្រោងខាងលើ ជាគម្រោងហ្សាកាត់(បរិច្ចាក) របស់អង្គការហាសាណះអន្តរជាតិ សហការជាមួយអង្គការមូនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF) ដោយកម្មវិធីខាងលើ មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ម៉ូត យូសុះ ប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងអាជ្ញាធរមូលដ្ឋានផងដែរ។
គួរបញ្ជាក់ថា អង្គការអន្តរជាតិ Hasene បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និងIMAC មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាក(ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបជាថវិកាជាង ២ លានដុល្លារអាមេរិក៕

បណ្តាញសង្គម

វីដេអូ