ជំនួបរវាងប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) និងប្រធានចលនាយុវជនឥស្លាមម៉ាឡេស៊ី(ABIM)

ឯកឧត្តម ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Ahmad Fahmi Mohd Samsudin ប្រធានចលនាយុវជនឥស្លាមម៉ាឡស៊ី (ABIM) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC។

គោលបំណងនៃជំនួបនេះ គឺដើម្បីចែករំលែកព័ត៌មានអំពីបេសកកម្ម បទពិសោធន៍ និងលទ្ធផល របស់ភាគីទាំង២។ សម្រាប់ការងារសហគមន៍ឥស្លាម ជាពិសេសការអភិវឌ្ឍសមត្ថភាពយុវជន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) និងចលនាយុវជនឥស្លាមម៉ាឡេស៊ី (ABIM) បានចុះអនុស្សារណយោគយល់(MOU) រវាងគ្នា ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការ និងរិះរកមធ្យោបាយ ដើម្បីអនុវត្តនូវផែកការសកម្មភាព ទាក់ទងនឹងការអភិវឌ្ឍយុវជន នៃប្រទេសទាំង២។

ជំនួបនេះធ្វើឡើងឆ្លៀតក្នុងឱកាស លោក Ahmad Fahmi Mohd Samsudin អញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីវេទិកាមុស្លិម២១ ឆ្នាំ២០២៤ កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ និងធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ អំពីការអភិវឌ្ឍយុវជនមុស្លីម ក្នុងយុគសម័យឌីជីថល បទពិសោធន៍នៃប្រទេសម៉ាឡេស៊ី។

សូមជម្រាបជូនថា សមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា (CMYA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ហើយបាននឹងកំពុងដំណើរការយ៉ាងសកម្មលើការងារសង្គម ការងារមនុស្សធម៌ និងការងារបណ្តុះបណ្តាលយុវជន តាមរយៈសមាជិក សមាជិការបស់ខ្លួនមកពីបណ្តាសាខារបស់សមាគម នៅតាមរាជធានី-ខេត្តចំនួន២៤ ស្របតាមចក្ខុវិស័យ ទិសដៅ និងផែនការការងាររបស់សមាគមដែលបានកំណត់។មកដល់ពេលនេះ សមាជិកសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាមានចំនួន ១១ ៦៣១រូបហើយដែលត្រូវបានបញ្ចូលជាសមាជិកសហភាពសហព័ន្ធយុវជនកមជានៅតាមរាជធានី ខេត្តចំនួន២២។

ចំណែក  ABIM ជាអង្គការផ្តោតលើការងារ អភិវឌ្ឍន៍យុវជន  លើកកម្ពស់វិស័យអប់រំ ឌាក់វះ(Dawah) និងមនុស្សធម៌  ដ៏លេចធ្លោ មួយនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបង្កើតឡើងនៅឆ្នាំ១៩៧១ ដោយ ឯកឧត្តម Anwar Ibrahim ជានាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន និងធ្លាប់ជាប្រធានចលនាយុវជនម៉ាឡេស៊ីនេះផងដែរ៕

បណ្តាញសង្គម

វីដេអូ