ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងបេសកជនពិសេសម៉ាឡេស៉ី ទស្សនកិច្ចមជ្ឈមណ្ឌលឥស្លាមកម្ពុជា

(កណ្ដាល)៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ឯកឧត្តម DATO’ AHMAD AZAM BIN AB RAHMAN បេសកជនពិសេសម៉ាឡេស៊ីប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចមជ្ឍមណ្ឌលឥស្លាមកម្ពុជា ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តម DATO’ AHMAD AZAM BIN AB RAHMAN បានសរសើរដល់លោកបណ្ឌិតទេសរដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ក្នុងការចូលរួមពង្រឹងវិស័យអប់រំឥស្លាម នៅកម្ពុជា។ លើសពីនោះទៀតនោះ លោកក៏បានសម្ដែង អារម្មណ៍សប្បាយរីករាយ ដែលបានឃើញវិស័យអប់រំឥស្លាមកម្ពុជាមានការអភិវឌ្ឍជឿនលឿន បើធៀបនឹង២០ឆ្នាំមុន។

លោក បានប្ដេជ្ញាចិត្តខ្ពស់ថា ក្នុងនាមជាបេសកជនពិសេសនៃប្រទេសម៉ាឡេសុីប្រចាំនៅកម្ពុជា នឹងបន្តសហការល្អជាមួយ លោកបណ្ឌិតទេសរដ្ឋមន្រ្តី ដើម្បីធ្វើការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជាបន្តទៀត។

ជាមួយគ្នានោះ លោកបណ្ឌិតទេសរដ្ឋមន្រ្តី បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យដែលមានអទិភាពបំផុត សម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកក៏បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ក្នុងនាមជាយុវជនបន្តវេន ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិយើង នៅថ្ងៃអនាគត។

លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកដែរថា កាលឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គ្រូបង្រៀនខ្មែរឥស្លាម ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន១៥០០នាក់ ដែលបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំឥស្លាមនៅកម្ពុជា។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល ក៏បានផ្ដល់សិទ្ធិពេញលេញ សម្រាប់សិស្សនិស្សិតឥស្លាមគ្រប់ៗរូប ក្នុងការផ្កាន់ផ្ជាប់ប្រណិប័តន៍សាសនា និងការស្លៀកពាក់បែបប្រពៃណីឥស្លាម ទាំងក្នុងគ្រិះស្ថានសិក្សារដ្ឋ និងឯកជន។

សូមជម្រាបថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យមជ្ឍមណ្ឌលឥស្លាមកម្ពុជា វិទ្យាល័យនូរុលអុីមាន និងសាលាអាន់នៀកម៉ះជ្រោយមេត្រី ប្រមាណ៨០០នាក់។

បន្ទាប់ពីពិធីខាងលើត្រូវបានបញ្ចប់ ប្រតិភូម៉ាឡេសុី ព្រមទាំងសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានឧប្ថម្ភជាអង្ករចំនួន៣ តោន ជូនដល់មជ្ឍមណ្ឌលឥស្លាមកម្ពុជាផងដែរ៕

បណ្តាញសង្គម

វីដេអូ