បេសកជនពិសេសម៉ាឡេស៊ី កោតសសើរការដឹកនាំរបស់រជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ក្លាយជាអ្នកបន្តវេន

(ភ្នំពេញ)៖ បេសកជនពិសេសរដ្ឋាភិបាលម៉ាឡេស៊ី បានកោតសសើរការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ មានឱកាសធ្វើជាអ្នកបន្តវេន ដើម្បីចូលរួមដឹកនាំនាវាប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក DATO’ AHMAD AZAM BIN AB RAHMAN បេសកជនពិសេសរាជរដ្ឋាភិបាលម៉ាឡេស៊ីប្រចាំកម្ពុជា/នាយករដ្ឋមន្ដ្រីនៃម៉ាឡេស៊ី បានថ្លែងយ៉ាងដូច្នេះ នាឱកាស ចូលរួមពីធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមគ្រប់លំដាប់ថ្នាក់មកពីទូទាំងប្រទេសជាង១ពាន់នាក់ នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អគ្គរាជទូត និងរដ្ឋទូត នៃប្រទេសដែលជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម OIC ផងដែរ នៅមជ្ឈមណ្ឌលម៉ូឌែន៥។

ទន្ទឹមគ្នានេះ លោកបេសកជនពិសេស បានថ្លែងបន្តថា លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បាននឹងកំពុងមមាញឹក ក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជាផងដែរ ដែលនេះជាពេលវេលាដ៏សាកសមបំផុតក្នុងការផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយបន្តវេន ក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជា ប្រទេសជាតិទាំងមូល។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរអរគុណដល់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលតែងតែគិតវែងឆ្ងាយដល់សហគមឥស្លាមកម្ពុជា ហើយក៏បានថ្លែងអំណរអរគុណដល់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ដែលតែងតែគិតគូរ ដល់វាសនាសហគមន៍ឥស្លាមកន្លងមក ហើយលោកសង្ឈឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏កិត្តិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជា លោកបណ្ឌិត អូស្មាន ហាស្សាន់ នឹងធ្វើឲ្យសហគមន៍ឥស្លាមកម្ពុជា កាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាចុងបញ្ចប់ លោកបានបញ្ជាក់ថា ភាគីម៉ាឡេស៊ីនៅតែបន្តសហការ និងគាំទ្រ ដល់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា។

គួរបញ្ជាក់ថា លោក DATO’ AHMAD AZAM BIN AB RAHMAN បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ និងចុះជួបជាមួយតំណាងសហគមន៍ឥស្លាមនៅតាមតំបន់មួយចំនួនទៀត៕

បណ្តាញសង្គម

វីដេអូ