បេសកជនពិសេសម៉ាឡេស៊ីប្រចាំកម្ពុជា ស្នើអង្គការក្រៅរដ្ឋាភិបាលម៉ាឡេស៊ី បន្តផ្តល់ជំនួយដែលមានប្រយោជន៍រយៈពេលយូរអង្វែងដល់កម្ពុជា

(ភ្នំពេញ)៖ លោក DATO’ AHMAD AZAM BIN AB RAHMAN បេសកជនពិសេសម៉ាឡេស៊ីប្រចាំកម្ពុជា លើកទឹកចិត្តដល់អង្គការក្រៅរដ្ឋាភិបាលម៉ាឡេស៊ី ដែលបាននិងកំពុងផ្តល់កម្មវិធីសប្បុរសធម៌ជាច្រើនឆ្នាំនៅកម្ពុជា បន្តផ្តល់ជំនួយណាដែលមានប្រយោជន៍រយៈពេលយូរអង្វែងដល់កម្ពុជា និងបន្តដំណើរការប្រកប ដោយប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកច្រើនបន្ថែមទៀត ជាពិសេសក្នុងសហគមន៍ខ្មែរឥស្លាម។

លោក DATO’ AHMAD AZAM BIN AB RAHMAN បានលើកឡើងយ៉ាងដូច្នេះ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ជំនួបនេះធ្វើឡើង ឆ្លៀតក្នុងឱកាស ដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់កម្ពុជា ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ លោក DATO’ AHMAD AZAM BIN AB RAHMAN បានថ្លែងបន្តថា ដំណើរទស្សនកិច្ចនានេះ ក្នុងគោលបំណងចាប់ផ្តើមជាផ្លូវការ នូវការសម្របសម្រួលសកម្មភាពរបស់ខ្លួននៅកម្ពុជា ដើម្បីសហប្រតិបត្តិការក្នុងវិស័យអប់រំ ការយល់ដឹងអំពីឥស្លាម ការជំរុញសេដ្ឋកិច្ច ព្រមទាំងការសិក្សាស្វែងយល់បន្ថែម អំពីរាជរដ្ឋាភិបាលកម្ពុជា។

ជាពិសេសទៀតនោះ គឺជួបសហគមន៍ខ្មែរឥស្លាម ដើម្បីជម្រាបពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនាដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីឲ្យខ្មែរឥស្លាម ត្រូវបន្តដឹងគុណ និងគាំទ្រជានិច្ចដល់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា លោកធ្លាប់ធ្វើការងារមនុស្សធម៌អស់ជាច្រើនឆ្នាំមកហើយនៅកម្ពុជា ហើយបានគាំទ្រចំពោះទស្សនៈវិស័យរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ដែលយកវិស័យអប់រំ ជាគោលក្នុងការអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម និងបានកោតសសើរចំពោះសហគមន៍ខ្មែរឥស្លាម ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក៏ដូចជាលោកបណ្ឌិត អូស្មាន ហាស្សាន់។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលតែងតែជួយការងារមនុស្សធម៌នានាដល់កម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយលោកបណ្ឌិតក៏បានស្នើដល់ រដ្ឋាភិបាលម៉ាឡេស៊ី បន្តជួយគាំទ្រលើវិស័យផ្សេងៗដល់កម្ពុជា ជាពិសសវិស័យសេដ្ឋកិច្ច ដោយសារកម្ពុជាសម្បូរវត្ថុធាតុដើម និងមានតម្លៃពលកម្មទាប៕

បណ្តាញសង្គម

វីដេអូ